អ្នកនិពន្ធ: Cormac Keenan ប្រធានផ្នែកទំនុកចិត្ដ និងសុវត្ថិភាពនៅ TikTok
នៅ TikTok យើងជឿជាក់ថា សហគមន៍គួរតែត្រូវបានបង្កើតឡើងលើមូលដ្ឋាននៃការគោរព សេចក្ដីសប្បុរស និងការយោគយល់។ ដើម្បីជួយឱ្យអ្នកប្រើប្រាស់ផ្សារភ្ជាប់ទំនាក់ទំនងឌីជីថលជាវិជ្ជមាន ដែលស្របតាមបទបញ្ជាផ្ទៃក្នុងចំពោះអាកប្បកិរិយាសមរម្យនៅលើភ្លែតហ្វមរបស់យើង យើងព្យាយាមផ្ដល់អំណាចដល់សមាជិកសហគមន៍របស់យើងក្នុងគោលបំណងរក្សាទំនាក់ទំនងរបស់ពួកគេជាមួយអ្នកដទៃនៅលើ TikTok ។ ថ្ងៃនេះ យើងនឹងប្រកាសអំពីការប្តេជ្ញាចិត្តរបស់យើងក្នុងការគាំទ្រដល់សុវត្ថិភាពសហគមន៍ និងដើម្បីលើកកម្ពស់សេចក្តីសប្បុរសនៅលើ TikTok ក៏ដូចជាការចែករំលែកដំណើរការបន្ទាប់ទៀតក្រោមរបាយការណ៍នៃការអនុវត្តគោលការណ៍ណែនាំសហគមន៍របស់យើង។
លើកកម្ពស់ឱ្យមានការផ្សារភ្ជាប់ទំនាក់ទំនងដ៏ពិតប្រាកដក្នុងការបញ្ចេញមតិយោបល់
ទន្ទឹមនឹងការងារលុបចេញនូវមាតិកាដែលប្រមាថនិងមិនសមរម្យឬអាកប្បកិរិយាដែល គួរឱ្យស្អប់ខ្ពើមដែលបំពានគោលការណ៍ណែនាំសហគមន៍របស់យើង យើងក៏បន្តរិះរកមធ្យោបាយថ្មីៗ ដើម្បីជួយសហគមន៍បង្កើនការគ្រប់គ្រងលើការបញ្ចេញមតិយោបល់។
យើងបានចាប់ផ្តើមសាកល្បងមធ្យោបាយមួយដើម្បីអនុញ្ញាតឱ្យបុគ្គលគ្រប់រូបកំណត់សម្គាល់នូវមតិដែលពួកគេជឿថាមិនពាក់ព័ន្ធ ឬមិនសមរម្យ។ ព័ត៌មានផ្ដល់មកវិញពីសហគមន៍នេះនឹងក្លាយជាជំនួយបន្ថែមទៅលើវិធានការជាច្រើនដែលយើងបានប្រើរួចហើយ ដើម្បីជួយរក្សាផ្នែកមតិយោបល់ឱ្យមានការពាក់ព័ន្ធគ្នាជាដរាប និងជាកន្លែងសម្រាប់ការផ្សារភ្ជាប់ទំនាក់ទំនងពិតប្រាកដ។ ដើម្បីជៀសវាងបញ្ហាធ្វើឱ្យកើតមានអារម្មណ៍មិនល្អរវាងសមាជិកសហគមន៍ និងទប់ស្កាត់ផលប៉ះពាល់ដែលអាចនាំឱ្យខូចទឹកចិត្ដដល់អ្នកដទៃ មានតែអ្នកដែលបានបង្ហាញការមិនចូលចិត្តនៅលើមតិយោបល់ប៉ុណ្ណោះដែលនឹងអាចដឹងថា ពួកគេបានធ្វើដូច្នេះ។
មុខងារក្រើនរំឭកបញ្ហាសុវត្ថិភាពថ្មីសម្រាប់អ្នកបង្កើតមាតិកា
ដើម្បីឱ្យវាកាន់តែងាយស្រួលសម្រាប់សហគមន៍យើងក្នុងការស្វែងរក និងប្រើប្រាស់ឧបករណ៍សុវត្ថិភាពដែលត្រូវបានតម្លើងបន្ថែម យើងកំពុងសាកល្បងជាមួយមុខងារក្រើនរំឭកដែលនឹងណែនាំអ្នកបង្កើតមាតិកាឱ្យបានដឹងអំពីជម្រើសនៃការចម្រាញ់មតិយោបល់ខ្លះៗ និងការបំបាំងទ្រង់ទ្រាយធំ ក៏ដូចជាការលុបចោល។ មុខងារក្រើនរំឭកនឹងត្រូវបានបង្ហាញដល់អ្នកបង្កើតមាតិកាទាំងនោះដែលវីដេអូរបស់ពួកគេទំនងជាទទួលបាននូវចំណាប់អារម្មណ៍អវិជ្ជមានច្រើន ដោយផ្អែកលើការវិភាគរបស់យើងចំពោះមតិយោបល់ដែលពួកគេទទួលបាន។ យើងនឹងបន្តលុបចោលនូវមតិយោបល់ដែលបំពានគោលការណ៍ណែនាំសហគមន៍របស់យើង ហើយអ្នកបង្កើតមាតិកាក៏អាចបន្តរាយការណ៍លើមតិយោបល់ ឬគណនីនីមួយៗ ឬជាចំនួនច្រើនដើម្បីឱ្យយើងត្រួតពិនិត្យ។
យើងនឹងធ្វើបច្ចុប្បន្នភាពអំពីលទ្ធផលនៃការធ្វើតេស្តទាំងនេះ ថា តើមុខងារនេះនឹងត្រូវបានដាក់ឱ្យដំណើរការពេញលេញនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះឬយ៉ាងណា។ ការងារនេះគឺបន្ថែមពីលើការងារជាច្រើនដែលបានដំណើរការរួចមកហើយក្នុងសហគមន៍យើង។ ឧទាហរណ៍ សមាជិកសហគមន៍អាចជ្រើសរើសចម្រាញ់មតិយោបល់ទាំងអស់តាមរយៈការត្រួតពិនិត្យឡើងវិញដោយខ្លួនឯងឬចម្រាញ់មតិយោបល់តាមពាក្យគន្លឹះដែលពួកគេបានជ្រើសរើស។ អ្នកបង្កើតមាតិកាក៏អាចជ្រើសរើសអ្នកដែលអាចផ្តល់មតិលើមាតិការបស់ពួកគេពី Everyone, Friends (អ្នកតាមដានដែលពួកគេបានចុចតាមដានត្រឡប់មកវិញ) ឬ No One។ ការកំណត់ 'Everyone' មិនត្រូវបានដាក់ឲ្យប្រើប្រាស់សម្រាប់សមាជិកដែលមានអាយុក្រោម ១៦ឆ្នាំឡើយ។
គោរពគោលការណ៍ណែនាំសហគមន៍របស់យើង
មធ្យោបាយសំខាន់មួយទៀតដែលយើងអាចការពារសុវត្ថិភាពសហគមន៍របស់យើងបានគឺការលុបមាតិកាដែលបំពានគោលការណ៍ណែនាំសហគមន៍របស់យើងចេញ ហើយថ្ងៃនេះយើងបានចេញផ្សាយ <<Q4 2021 របាយការណ៍នៃការអនុវត្តគោលការណ៍ណែនាំសហគមន៍>> របស់យើង។ របាយការណ៍នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតឈប់ឈររបស់យើងដើម្បីទទួលបានទំនុកចិត្តពីសហគមន៍ដោយការមានទំនួលខុសត្រូវខ្ពស់ពាក់ព័ន្ធទៅនឹងការរក្សាភ្លែតហ្វមរបស់យើងឱ្យមានសុវត្ថិភាព និងប្រកបដោយភាពកក់ក្ដៅ។
យើងបានបន្តពង្រីកវិសាលភាពព័ត៌មានដែលយើងផ្តល់នៅក្នុងរបាយការណ៍នីមួយៗ ហើយចាប់តាំងពីដើមឆ្នាំ ២០២១ មក យើងបានបន្ថែមការវិភាគស៊ីជម្រៅទៅលើមាតិកាជាច្រើនដែលមានការលុបចោលការបង្ហោះភ្លាមៗដោយមិនទាន់មានអ្នកចូលទស្សនា និងការលុបចោលគណនី [US: ពីបទពិសោធន៍ផ្ទាល់របស់ TikTok ] ចំពោះមន្ទិលសង្ស័យលើបុគ្គលអាយុក្រោម ១៣ឆ្នាំដែលបានប្រើប្រាស់ និងធ្វើការប្រាស្រ័យទាក់ទងក្លែងក្លាយ។ ដោយចាប់ផ្តើមជាមួយនឹងរបាយការណ៍នេះ យើងផ្តល់ព័ត៌មានអំពីការលុបចោលនូវមាតិកានៅក្នុងទីផ្សារកាន់តែច្រើន និងការធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់ចំពោះប្រព័ន្ធរបស់យើងដែលមានគោលបំណងស្វែងរក កំណត់សម្គាល់ និងក្នុងករណីខ្លះទៀត គឺការលុបចោលមាតិកាបំពានផងដែរ។ ការវិនិយោគទាំងនេះបានជួយធ្វើឱ្យប្រសើរឡើងនូវល្បឿនក្នុងការកំណត់អត្តសញ្ញាណ និងលុបការបំពានលើគោលការណ៍បៀតបៀន ក៏ដូចជាការគំរាមកំហែង និងការស្អប់ខ្ពើមជាពិសេស។
ចាប់ពីរបាយការណ៍អនុវត្តគោលការណ៍ដំបូងរបស់យើងក្នុងឆ្នាំ ២០២១ ដល់របាយការណ៍ចុងក្រោយបំផុតនេះ យើងនៅតែបន្ដយ៉ាងខ្ជាប់ខ្ជួនចំពោះ ការលុបមាតិកាបំពាន មុនពេលមានការចូលទស្សនាសូម្បីតែម្ដង។ ជាឧទាហរណ៍ ចាប់ពីត្រីមាសទី ១ ដល់ត្រីមាសទី ៤ ឆ្នាំ ២០២១ ការលុបមាតិកានៅកម្រិតទស្សនាសូន្យត្រូវបានធ្វើឱ្យប្រសើរឡើង ដោយ ១៤,៧ភាគរយ សម្រាប់មាតិកាបៀតបៀន និងការគំរាមកំហែង ១០,៩ភាគរយ សម្រាប់អាកប្បកិរិយាស្អប់ ១៦,២ភាគរយ សម្រាប់ភាពជ្រុលនិយមនៃអំពើហឹង្សា និង ៧,៧ភាគរយ សម្រាប់ការធ្វើអត្តឃាត ការធ្វើបាបខ្លួនឯង និងសកម្មភាពគ្រោះថ្នាក់។ . វាមិនមានទីបញ្ចប់ទេនៅពេលនិយាយអំពីការរក្សាសុវត្ថិភាពមនុស្ស ហើយរបាយការណ៍ចុងក្រោយបំផុតរបស់យើង និងការធ្វើឱ្យប្រសើរឡើងនៃបញ្ហាសុវត្ថិភាពបន្តឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តចំពោះសុវត្ថិភាព និងសុខុមាលភាពនៃសហគមន៍របស់យើង។ យើងទន្ទឹងរង់ចាំចែករំលែកបន្ថែមអំពីការងារដែលកំពុងដំណើរការ ដើម្បីការពារភ្លែតហ្វមរបស់យើង៕