TikTok ជាបណ្ដាញសង្គមផ្ដោតលើវីដេអូឃ្លីបខ្លីៗឈានមុខគេ ជាមួយបេសកកម្មជំរុញឱ្យមានការច្នៃបង្កើត និងបង្កភាពសប្បាយរីករាយ នឹងចូលរួមយុទ្ធនាការរបស់ក្រសួងសុខាភិបាល និងក្រសួងព័ត៌មានរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកទឹកចិត្ដពលរដ្ឋកម្ពុជាបន្ដការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ ១៩តាមរយៈក្រុមអ្នកបង្កើតTikTok បើទោះបីជាការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលនៅទូទាំងប្រទេសមានអត្រាខ្ពស់យ៉ាងណាក៏ដោយ។
យុទ្ធនាការនេះក៏មានបំណងដោះស្រាយរាល់ការយល់ច្រឡំជុំវិញបញ្ហាវីរុសរាតត្បាតសកល។ ក្រុមអ្នកបង្កើតកម្មវិធីលើ TikTok ដែលកំពុងចូលរួមចំណែកក្នុងយុទ្ធនាការនេះ រួមមាន We-Pharm វេជ្ជបណ្ឌិត មនោរ័ត្ន វេជ្ជបណ្ឌិត អ៊ីត ម៉ូលីកា និងវេជ្ជបណ្ឌិត ស៊ីម ផល្លី។
TikTok ក៏ទទួលបាននូវអ្នកគាំទ្រចម្រុះកាន់តែច្រើននៅកម្ពុជា។ ទាំងនេះគឺជាហេតុផលដែលក្រសួងទាំងពីរមានផែនការបង្កើតយុទ្ធនាការអប់រំដោយប្រើប្រាស់តំណរភ្ជាប់សញ្ញា #KhmerVacc។ យុទ្ធនាការនេះក៏មានបំណងក្រើនរំឭកដល់ពលរដ្ឋកម្ពុជាឱ្យនៅតែមានការប្រុងប្រយ័ត្ន និងអនុវត្ដឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ ដែលដាក់ចេញដោយក្រសួងសុខាភិបាលកម្ពុជា។
យុទ្ធនាការទប់ស្កាត់ជំងឺឆ្លងសកលនេះ ក៏មានការបញ្ចូលបដាផ្សព្វផ្សាយ និងទំព័រវេបសាយក្នុងស្រុក ដែលនឹងផ្ដល់ព័ត៌មានពិតអំពីការវ៉ាក់សាំង និងសកម្មភាពក្រោយចាក់វ៉ាក់សាំងដោយបង្ហាញផ្លូវអ្នកប្រើប្រាស់ចូលទៅរកប្រភពព័ត៌មានផ្លូវការផ្ទាល់ ដូចជា វេបសាយព័ត៌មានអ្នកចាក់វ៉ាក់សាំងកូវីដ ១៩ https://www.search.vaccine.gov.kh/ ព័ត៌មានស្ដីពីកាតវ៉ាក់សាំងរបស់ក្រសួងការពារជាតិ https://cv19.mod.gov.kh និងព័ត៌មានពីក្រសួងសុខាភិបាល www.moh.gov.kh។
អ្នកនាំពាក្យ TikTok លោក Kyu Kyu Thein ជាប្រធានគ្រប់គ្រងគោលនយោបាយសាធារណៈ បាននិយាយថា៖ «ក្នុងនាម TikTok យើងមានក្ដីសោមនស្សរីករាយដែលបានរួមចំណែកចូលរួមជាមួយក្រុមអ្នកគាំទ្រ TikTok ដែលកំពុងតែមានចំនួនកើនឡើងខ្លាំង ក្នុងបេសកកម្មដ៏ថ្លៃថ្លាសម្រាប់ប្រទេសជាតិ និងសហគមន៍»។
អ្នកនាំពាក្យរូបនេះ បានបន្ដថា៖ «TikTok បានប្ដេជ្ញាចិត្ដប្រើប្រាស់បណ្ដាញសង្គមរបស់ខ្លួនក្នុងការបញ្ជ្រាបព័ត៌មានស្ដីពីការអប់រំ វិធានការសុវត្ថិភាព និងឱកាសជំនួញអនឡាញទៅដល់មហាជនកាន់តែទូលំទូលាយ»។
យុទ្ធនាការរួមគ្នារវាង TikTok និងរាជរដ្ឋាភិបាលកម្ពុជាត្រូវបានបង្កើតឡើងបំណងកាត់ផ្ដាច់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដោយលើកទឹកចិត្ដប្រជាជនកម្ពុជាស្វែងរកនិងផ្ទៀងផ្ទាត់ពត៌មានពិតតាមរយៈការប្រើប្រាស់ប្រភពព័ត៌មានដ៏គួរឱ្យជឿទុកចិត្ដ ដូចជា វេបសាយរបស់អង្គការសុខភាពពិភពលោក (http://www.who.int/) និងវេបសាយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់រាជរដ្ឋាភិបាលកម្ពុជា (http://www.cdcmoh.gov.kh/) ក៏ដូចជាការរាយការណ៍នូវអ្វីដែលអ្នកប្រើប្រាស់យល់ថា វាអាចបំពាននឹងគោលការណ៍ណែនាំសហគមន៍របស់ TikTok។
ជាមួយយុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយភាពជោគជ័យរបស់កម្ពុជា អ្នកបង្កើតកម្មវិធីលើ TikTok ល្បីៗមួយចំនួនមកពីវិស័យវេជ្ជសាស្ដ្រ បន្ដទទូចក្រុមអ្នកគាំទ្ររបស់ខ្លួនឱ្យរក្សាការប្រុងប្រយ័ត្នខ្ពស់ បើទោះបីជាពលរដ្ឋភាគច្រើនបានទទួលការចាក់វ៉ាក់សាំងកូវីដ ១៩ រួចរាល់យ៉ាងណាក៏ដោយ។
ក្រុមអ្នកបង្កើតកម្មវិធីលើ TikTok ក្រុមអ្នកជំនាញវេជ្ជសាស្រ្តអប់រំសុខភាព We-Pharm បានផលិតវីដេអូមួយអបអរសាទររាជរដ្ឋាភិបាលលើវីដេអូយុទ្ធនាការដ៏ជោគជ័យនេះ។
We-Pharm បានសរសេរសារថា៖ «ក្នុងនាម We-Pharm យើងចូលរួមអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជាចំពោះយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅទូទាំងប្រទេសជោគជ័យបន្ដបន្ទាប់។ ថ្ងៃនេះ ដោយបានចូលរួមយុទ្ធនាការជាមួយរាជរដ្ឋាភិបាល យើងទទូចដល់លោកអ្នកឱ្យនៅតែបន្ដប្រុងប្រយ័ត្នខ្ពស់ ទោះទទួលបានការចាក់វ៉ាក់សាំងរួចរាល់យ៉ាងណាក៏ដោយ»។
អ្នកបង្កើតកម្មវិធីលើ TikTok ដ៏មានប្រជាប្រិយម្នាក់ទៀត វេជ្ជបណ្ឌិត អ៊ីត ម៉ូលីកា មកពីផ្នែកវេជ្ជសាស្ដ្រ បានឱ្យដឹងថា៖ «អ្នកជំងឺរបស់ខ្ញុំមកជួបខ្ញុំដោយសារពួកគេចង់បានភាពស្រស់ស្អាត ហើយភាពស្រស់ស្អាតនេះទៀតសោតក៏មានន័យថា មានអារម្មណ៍ស្រស់ស្រាយផងដែរ។ ដូច្នេះ ចូរគិតពីខ្លួនឯង និងគិតពីអ្នកដទៃ ថ្វីដ្បិតតែពេលនេះ យើងបានចាក់វ៉ាក់សាំងរួចក៏ដោយ។ បន្ដប្រុងប្រយ័ត្ន រក្សាសុវត្ថិភាព និងអនុវត្ដវិធានការ ៣កុំ ៣ការពារ»។
វេជ្ជបណ្ឌិត មនោរ័ត្ន និងវេជ្ជបណ្ឌិត ស៊ីម ផល្លី បានចែករំលែកសារស្រដៀងគ្នាទៅកាន់អ្នកគាំទ្ររបស់ពួកគាត់ផងដែរ។
សម្រាប់ព័ត៌មានលម្អិតអំពីយុទ្ធនាការ សូមចុចត្រង់នេះ។