នៅក្រុមហ៊ុន TikTok មនុស្សរាប់ពាន់នាក់កំពុងផ្ដោតលើកិច្ចការជួយឱ្យកម្មវិធីមួយនេះមានសុវត្ថិភាពសម្រាប់សហគមន៍របស់យើងក្នុងការរុករកមាតិកាកម្សាន្ដ និងចែករំលែកវីដេអូផលិតឡើងបែបច្នៃប្រឌិតរបស់ពួកគេ។ ក្រុមការងារផ្នែក Trust and Safety នៅ TikTok កំពុងបំពេញការងារទៅតាមជំនាញក្នុងកិច្ចការពារសហគមន៍យើង។ ខណៈពេលយើងបន្ដបោះជំហានទៅមុខប្រកបដោយសុវត្ថិភាព យើងចង់ឱ្យវាមានការបើកទូលាយ និងតម្លាភាព ហើយយើងនឹងជជែកអំពីបញ្ហានេះនៅខាងក្រោម។
ការបង្កើត និងធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំសហគមន៍យើង
គោលការណ៍ណែនាំសហគមន៍ របស់យើង បានកំណត់បទដ្ឋានមួយចំនួន ក៏ដូចជាក្រមសីលធម៌ទូទៅសម្រាប់ TikTok។ ទាំងនេះ បានផ្ដល់នូវការណែនាំស្ដីពីអ្វីដែលត្រូវបាន និងមិនត្រូវបានអនុញ្ញាតដើម្បីជួយរក្សាបាននូវទីកន្លែងប្រកបដោយសុវត្ថិភាព។ ក្រុមអ្នកជំនាញផ្នែកគោលនយោបាយរបស់យើងមានការទទួលខុសត្រូវចំពោះការវាយតម្លៃគោលការណ៍ណែនាំទាំងនេះជាបន្ដបន្ទាប់ដើម្បីពិចារណាថា តើយើងអាចប្រើប្រាស់ក្ដីស្រមៃបង្កើតអ្វីមួយជាខ្លួនឯងដោយរបៀបណា ខណៈទប់ស្កាត់បញ្ហាប្រឈមដែលអាចកើតឡើង។
ក្រុមអ្នកជំនាញទាំងនោះជាអ្នកឯកទេសលើមុខជំនាញដ៏ពិតប្រាកដ ដែលអ្នកខ្លះមានជំនាញធ្វើកិច្ចការលើឧស្សាហកម្មបច្ចេកវិទ្យា ហើយអ្នកខ្លះទៀតអាចមកចូលរួមជាមួយយើងពីអង្គការសង្គមស៊ីវិល ឬរដ្ឋាភិបាល។ តួនាទីរបស់ពួកគេទាក់ទងនឹងការដោះស្រាយបញ្ហាស្មុគស្មាញ និងលំបាកៗ ដូចជា ថាតើយើងគួរគូសបន្ទាត់លើមាតិកាពាក់ព័ន្ធនឹងជំងឺអប្រក្រតីភាពនៃការទទួលទានអាហារឬទេ។ ចំពោះកិច្ចសហការជាមួយអ្នកជំនាញមកពីខាងក្រៅ យើងដឹងថា មតិកាទាក់ទងនឹងអប្រក្រតីភាពនៃការទទួលទានអាហារ អាចបង្កផលប៉ះពាល់ តែគួរឱ្យកត់សម្គាល់ថា មាតិកា ដែលផ្ដោតលើដំណោះស្រាយក្នុងការព្យាបាលឱ្យជាសះស្បើយពីអាការនេះអាចផ្ដល់ផលវិជ្ជមាន ហើយពេលយើងកែខៃគោលនយោបាយរបស់យើង វាពិតជាសំខាន់ណាស់ ដែលយើងបន្ដគិតគូរដល់បញ្ហាខុសប្លែកតិចតួចផ្សេងៗ ដូចជា បញ្ហានេះជាដើម។
ការស្វែងរកឱ្យឃើញនូវបញ្ហាដែលអាចកើតមាន និងការអនុវត្ដគោលនយោបាយរបស់យើង
ក្រុមការងារផលិតផល និងការអនុវត្ដ (Product and Process) បានផ្ដោតលើការចងក្រងយុទ្ធសាស្ដ្រ និងទិចនិកក្នុងការស្វែងរកឱ្យឃើញនូវបញ្ហាដែលអាចកើតមានឱ្យកាន់តែមានប្រសិទ្ធភាព និងអនុវត្ដគោលការណ៍ណែនាំរប់សយើងជាបន្ទាន់។ ឧទាហរណ៍ជាក់ស្ដែងមួយ គឺវិធីសាស្ដ្រដែលយើងប្រើប្រាស់បច្ចេកវិទ្យា «គណនាស្វ័យប្រវត្ដិ» ដើម្បីបង្កើតជាមុខងារកំណត់សម្គាល់រូបភាព ឬវីដេអូលើប្រព័ន្ធឌីជីថលដ៏វិសេស។ ស្របតាមស្ដង់ដាឧស្សាហកម្ម វាអាចឱ្យយើងកត់សម្គាល់ឃើញពីកត្ដាបង្កផលប៉ះពាល់ក្នុងមាតិកាជាការបំពាន និងកាន់តែងាយស្រួលក្នុងការលុបវាចោលភ្លាមៗ។ ឧបមាថា បើមតិកាត្រូវបានលុបចោលដោយសារបំពានគោលនយោបាយរបស់យើង ដែលទប់ស្កាត់ការចែករំលែករូបភាពកេងប្រវ័ញ្ចផ្លូវភេទកុមារ មុខងារកំណត់សម្គាល់ឌីជីថលដ៏វិសេសនេះ នឹងជួយស្វែងរក និងលុបចោលនូវមាតិកាប្រភេទនោះ ក៏ដូចជារារាំងការបង្ហោះចូលដដែលៗ។
ដូចដែលយើងបានពន្យល់ក្នុងរបាយការណ៍តម្លាភាព (Transparency Report) ចុងក្រោយបំផុតរបស់យើង វីដេអូបំពានគោលនយោបាយ ៨៧,៥ភាគរយត្រូវបានលុបចោលមុនពួកគេទទួលបានអ្នកចូលទស្សនាសូម្បីតែម្ដង ហើយយើងប្ដេជ្ញាចិត្ដបន្ដអភិវឌ្ឍឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហានេះ។ ខណៈបច្ចេកវិទ្យាអាចជួយលុបរូបភាព ឬវីដេអូល្មើសដែលបង្ហាញឱ្យឃើញច្បាស់ ផ្នែកសំខាន់នៃការកែសម្រួលមាតិកាគឺជាកិច្ចការរបស់មនុស្សដែលត្រូវត្រួតពិនិត្យបន្ថែម។ មិនថាពេលវេលាណា បើមតិកាមួយណាត្រូវបានរាយការណ៍ ក្រុមការងាររបស់យើងត្រៀមខ្លួនជួយចាត់វិធានការជានិច្ច។ តាមរយៈការខិតខំខ្នះខ្នែងបន្ថែមពីការត្រួតពិនិត្យរបស់មនុស្ស យើងក៏អាចធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធវិភាគរកដំណោះស្រាយស្វ័យប្រវត្ដិ ខណៈអ្នកត្រួតពិនិត្យផ្ដល់ការឆ្លើយតបទៅកាន់បច្ចេកវិទ្យាវិញ ដោយជួយសម្លឹងមើលដំណើរការចរន្ដមតិកាបង្ហោះឡើងថ្មីៗ និងធ្វើឱ្យប្រសើរឡើងដល់សមត្ថភាពនៃការស្វែងរកឱ្យឃើញមាតិកាល្មើសរបស់យើងនាពេលអនាគត។
តួនាទីសំខាន់មួយទៀតនៃក្រុមការងាររបស់យើងគឺកំណត់ និងវិភាគមាតិកាដើម្បីបន្ដធ្វើឱ្យប្រសើរឡើងនូវភាពត្រឹមត្រូវនៃដំណើរការកែសម្រួលមាតិការបស់យើង។ ឧទាហរណ៍ បើវីដេអូណាមួយកំពុងតែមានប្រជាប្រិយភាពខ្លាំង វាអាចត្រូវបានត្រួតពិនិត្យម្ដងទៀតដោយប្រព័ន្ធរបស់យើងដើម្បីកាត់បន្ថយលទ្ធភាពដែលអាចមានមាតិកាបំពាននៅលើ TikTok។ លើសពីនេះ យើងធ្វើការវិភាគលើការសម្រេចកែសម្រួលមាតិកាឱ្យសមស្របដើម្បីដឹងថា មូលហេតុអ្វីបានជាមាតិកាបំពាននោះអាចមិនត្រូវបានចាប់កំហុសតាំងពីដើមដំបូង និងរកឱ្យឃើញដំណើរទំនងដែលវិវត្ដឱ្យមានមាតិកាល្មើសនៅលើប្លេតហ្វមរបស់យើង។ ជាក់ស្ដែង យើងប្រហែលជាដឹងថា យើងត្រូវធ្វើកិច្ចការបន្ថែមទៀតដើម្បីអភិវឌ្ឍបច្ចេកវិទ្យាស្វែងរកឱ្យឃើញនូវលទ្ធភាពបង្កជាមាតិកាល្មើសមួយចំនួនដោយស្វ័យប្រវត្ដិ។ ម្យ៉ាងវិញទៀត យើងយល់ថា យើងគួររៀបចំវគ្គបណ្ដុះបណ្ដាលគោលដៅបន្ថែមសម្រាប់ក្រុមកែសម្រួលមាតិការបស់យើង ដើម្បីជួយជំរុញការយល់ដឹងអំពីគោលនយោបាយ និងភាពខុសគ្នាតិចតួចឱ្យកាន់តែល្អ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងចំពោះការសម្រេចចិត្ដដ៏ត្រឹមត្រូវអំឡុងពេលធ្វើការត្រួតពិនិត្យ។
ការផ្ដោតលើសុខុមាលភាពបុគ្គលិក
ការកសាង និងរក្សានូវបទពិសោធសុវត្ថិភាពសម្រាប់សហគមន៍របស់យើងគឺជាតួនាទីសំខាន់បំផុតរបស់ក្រុមការងារយើង។ ជួនកាល នេះមានន័យថា ក្រុមមជ្ឈន្តិក (អ្នកកែសម្រួល) របស់យើងអាចតម្រូវឱ្យធ្វើការត្រួតពិនិត្យមាតិកាដែលអាចបង្កផលប៉ះពាល់ ដោយវាផ្ដល់មូលដ្ឋាននៃការគាំទ្រដ៏ត្រឹមត្រូវ។ យើងទទួលស្គាល់កិច្ចការនេះ ហើយយើងផ្ដោតលើកិច្ចការអាទិភាព ដូចជា បញ្ហាសុខភាព សុវត្ថិភាព និងសុខុមាលភាពបុគ្គលិករបស់យើង។ យើងផ្ដល់ដល់ក្រុមការងាររបស់យើងនូវកម្មវិធីសុខុមាលភាព រួមទាំង ការបណ្ដុះបណ្ដាល ការគាំពារសុខភាព និងការប្រឹក្សាវិជ្ជាជីវៈ។ លើសពីនេះ យើងធ្វើការវិភាគជាប្រចាំដើម្បីស្វែងយល់ថា តើយើងអាចបន្ដធ្វើឱ្យប្រសើរឡើងដោយរបៀបណា ហើយវាជាក្ដីសង្ឃឹមរបស់យើង ដែលយើងអាចអភិវឌ្ឍឧស្សាហកម្មរបស់យើងតាមរយៈការផ្ដល់នូវរចនាសម្ព័ន្ធគាំទ្រប្រកបដោយមហិច្ឆតា និងប្រសិទ្ធភាពដ៏ធំធេងដល់បុគ្គលិក។
ខណៈយើងបន្ដដំណើរជួយអភិវឌ្ឍ TikTok ជាទីកន្លែងប្រកបដោយសុវត្ថិភាព ដែលផ្ដល់ទាំងភាពសប្បាយរីករាយ និងភាពច្នៃប្រឌិត យើងត្រៀមខ្លួនជាស្រេចក្នុងការចែករំលែកបន្ថែមទៀតអំពីកិច្ចការរបស់ក្រុមការងារផ្នែកជំនឿចិត្ដ និងសុវត្ថិភាព (Trust and Safety)៕